Monday, December 18, 2017

វិស័យ​ទេសចរណ៍​ថៃ​នៅ​តែ​បន្ត​ធ្លាក់​ចុះ

ក្រុង​បាងកកៈ ការ​ព្យាករ​ពី​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​វិស័យ​ទេសចរណ៍​ក្រោយ​ការ​កាន់​កាប់​របស់​របប​យោធា​ថៃ​នៅ​តែ​មាន​ការ​លំបាក ដោយ​ស្ថិតិ​នៅ ខែ​សីហា បង្ហាញ​ថា ភ្ញៀវ​ទេសចរ​អន្តរជាតិ​បាន​ធ្លាក់​ចុះ ១១,៨៥ ភាគរយ​ធៀប​នឹង​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​នៅ ខែ​សីហា បាន​ធ្លាក់​ចុះ​បន្ទាប់​ពី​ការ​ថយ​ចុះ ១០,៩ ភាគ​រយ​នៅ ខែ​សីហា និង ២៤,៤ ភាគ​រយ​នៅ ខែ​មិថុនា ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។
ក្នុង​រយៈ​ពេល ៨ ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ ការ​មក​ដល់​របស់​ក្រុម​ភ្ញៀវ​ទេសចរ​បរទេស​នៅ ប្រទេស​ថៃ មាន​ចំនួន​សរុប ១៥,៧ លាន​នាក់ ពោល​គឺ​បាន​ធ្លាក់​ចុះ ១០,៦៦ ភាគ​រយ​ធៀប​នឹង​ចំនួន ១៧,៥៧ លាន​នាក់​ក្នុង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​នៅ​លើ​គេហទំព័រ​របស់​នាយកដ្ឋាន​ទេសចរណ៍។
ការ​មក​ដល់​របស់​ក្រុម​ភ្ញៀវ​ទេសចរ​នៅ​តាម​បណ្តា​ប្រទេស​ផ្សេងៗ​ក្នុង​តំបន់​អាស៊ាន​ដែល​ស្មើ​នឹង ២៨,៩ ភាគរយ​នៃ​ក្រុម​ភ្ញៀវ​ទេសចរ​សរុប​ដែល​មក​ទស្សនា ប្រទេស​ថៃ នៅ ខែ​សីហា បាន​ធ្លាក់​ចុះ ២១,៦ ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​មក​នៅ​ត្រឹម​ចំនួន ៥៣៣ ៨៥៧ នាក់។ គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ​មក​ដល់​ថ្ងៃ ទី៣១ ខែ​សីហា ចំនួន​ភ្ញៀវ​ទេសចរ​ក្នុង​តំបន់​អាស៊ាន​បាន​ធ្លាក់​ចុះ ១២,១ ភាគរយ​មក​ត្រឹម ៤,១៨ លាន​នាក់។
តួលេខ​ទាំង​នេះ​បាន​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង ក៏​ដូច​ជា​ក្រុម​ភ្ញៀវ​ទេសចរ​មក​ពី​ទីផ្សារ​នៅ​អាស៊ី​បូព៌ា​ដែរ ដូច​ជា ប្រទេស​ចិន ហុងកុង កូរ៉េ​ខាង​ត្បូង ជប៉ុន និង តៃវ៉ាន់ ដែល​ក្រុម​អ្នក​ដំណើរ​ហាក់​ដូច​ជា​ព្រួយ​បារម្ភ​អំពី​សន្តិសុខ។
ក្រុម​ភ្ញៀវ​ទេសចរ​ចិន​មាន​ចំនួន​ស្មើ​នឹង ២០,២ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​ទាំង​អស់​ដែល​មក​ទស្សនា​នៅ ប្រទេស​ថៃ នៅ ខែ​សីហា ដោយ​មាន​ចំនួន​សរុប ៤៥២ ០៨៦ នាក់ ពោល​គឺ​ធ្លាក់​ចុះ ៥,២ ភាគ​រយ​ធៀប​នឹង​រយៈ​ពេល​ដូច​គ្នា​កាល​ពី​ឆ្នាំ​មុន។ តួលេខ​នេះ​បាន​កើន​ឡើង​បើ​ធៀប​នឹង​ការ​ធ្លាក់​ចុះ ២៥ ភាគ​រយ​នៅ ខែ​កក្កដា តែ​គិត​ចាប់​តាំង​ពី​ដើម​ឆ្នាំ​រហូត​មក​ដល់​ពេល​នេះ ចំនួន​ភ្ញៀវ​ទេសចរ​ចិន​នៅ​តែ​ធ្លាក់​ចុះ ១៨,៩ ភាគរយ​មក​នៅ​ត្រឹម​ចំនួន ២,៦៧ លាន​នាក់។
ការ​ធ្លាក់​ចុះ​ចំនួន​ភ្ញៀវ​ទេសចរ​នេះ​មាន​ចំនួន​កាន់​តែ​ច្រើន​ចំពោះ​ប្រទេស​បួន​ផ្សេង​ទៀត ដែល​មាន​ចំនួន​សរុប​ស្មើ​នឹង ១៥ ភាគរយ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ​អន្តរជាតិ​ដែល​មក​ទស្សនា ប្រទេស​ថៃ ក្នុង​រយៈ​ពេល ៨ ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ ដូច​ជា ភ្ញៀវ​ទេសចរ​ហុងកុង ធ្លាក់​ចុះ ៣៣,៩ ភាគរយ ជប៉ុន ធ្លាក់​ចុះ ២០,៦ ភាគរយ កូរ៉េ​ខាង​ត្បូង ធ្លាក់​ចុះ ១៤,៧ ភាគរយ និង​តៃវ៉ាន់​ធ្លាក់​ចុះ ៣០,៥ ភាគ​រយ។
វិស័យ​ទេសចរណ៍​មាន​ទំហំ​ស្មើ​នឹង ១០ ភាគ​រយ​នៃ​សេដ្ឋកិច្ច​ថៃ ហើយ​ក្រុម​អ្នក​បង្កើត​គោល​នយោបាយ​បាន​និង​កំពុង​ព្យាករ​ពី​ការ​ស្ទុះ​ងើប​ឡើង​វិញ​យ៉ាង​ឆាប់​រហ័ស បន្ទាប់​ពី​រដ្ឋ​ប្រហារ​កាល​ពី​ថ្ងៃ ទី២២ ខែ​ឧសភា បាន​បញ្ចប់​វិបត្តិ​នយោបាយ​ដែល​បាន​អូស​បន្លាយ​ពេល​អស់​ជាច្រើន​ខែ​មក។
ភ្ញៀវ​ទេសចរ​មក​ពី​អឺរ៉ុប​បាន​ធ្លាក់​ចុះ ៣,៣ ភាគរយ​នៅ ខែ​សីហា និង​បាន​ថយ​ចុះ ៣,២ ភាគ​រយ​ក្នុង​រយៈ​ពេល ៨ ខែ​ដំបូង​ក្នុង​ឆ្នាំ​នេះ៕

No comments:

Post a Comment