Monday, December 18, 2017

EMAXX-Huawei កសាង​បណ្តាញ 4G LTE

ភ្នំពេញៈ ក្រុម​ហ៊ុន​ទូរគមនាគមន៍ EMAXX កាល​ពី​ម្សិល​មិញ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ជាមួយ​ក្រុម​ហ៊ុន Huawei ដែល​ជា​ក្រុម​ហ៊ុន​បច្ចេកវិទ្យា​ឈាន​មុខ​គេ​របស់ ប្រទេស​ចិន ដើម្បី​កសាង​បណ្ដាញ 4G LTE នៅ​ទូទាំង​ប្រទេស។
តំណាង​មក​ពី​ក្រុម​ហ៊ុន​ទាំង​ពីរ និង​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍​កម្ពុជា បាន​ចូល​រួម​ក្នុង​ពិធី​ចុះ​ហត្ថលេខា​ជា​ផ្លូវ​ការ​នៃ​កិច្ច​ព្រម​ព្រៀង​នេះ។
លោក Sean Ngu សមាជិក​ក្រុម​ប្រឹក្សា​ភិបាល​របស់​ក្រុម​ហ៊ុន EMAXX បាន​ថ្លែង​ថា៖ «គោល​បំណង​គឺ​ដើម្បី​បំពេញ​តម្រូវ​ការ​ប្រើ​ប្រាស់​ទិន្នន័យ​ដែល​កំពុង​កើន​ឡើង​នៅ​កម្ពុជា។ ក្រុមហ៊ុន EMAXX និង​ក្រុម​ហ៊ុន Huawei នឹង​ដំណើរ​ការ​បង្កើត​បណ្ដាញ 4G LTE ប្រកប​ដោយ​ការ​ទុក​ចិត្ត និង​ស្ថិរភាព​បំផុត​នៅ​ទី​នេះ»។
តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​រួម​មួយ​របស់​ក្រុម​ហ៊ុន EMAXX និង​ក្រុម​ហ៊ុន Huawei ក្រុម​ហ៊ុន​ទាំង​ពីរ​នេះ​មាន​បំណង​ដំឡើង​ស្ថានីយ៍​មូលដ្ឋាន 4G នៅ​ក្នុង​ទីក្រុង​សំខាន់ៗ ៨ រួម​ទាំង ទីក្រុង​ភ្នំពេញ ក្រុង​សៀមរាប ក្រុង​ព្រះសីហនុ និង​ក្រុង​បាត់ដំបង ផង​ដែរ​ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ខាង​មុខ។
ការ​ប្រកាស​កាល​ពី​ម្សិល​មិញ​ធ្វើ​ឡើង​បន្ទាប់​ពី​ក្រុម​ហ៊ុន EMAXX ដែល​ភាគ​ហ៊ុន ៦៥ ភាគ​រយ​របស់​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​កាន់​កាប់​ដោយ​ក្រុម​ហ៊ុន​ទូរគមនាគមន៍​ចិន Shenzhen Keybridge Communications (SKC) បាន​ប្រកាស​កាល​ពី ខែ​មេសា ថា ខ្លួន​បាន​បោះ​បង់​ចោល​រាល់​ប្រតិបត្តិការ​លក់​រាយ​ទាំង​អស់ និង​កំពុង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើ​គម្រោង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ទូរគមនាគមន៍​រយៈ​ពេល​បី​ឆ្នាំ​ដែល​មាន​តម្លៃ ១៤៨ លាន​ដុល្លារ​អាមេរិក។
លោក កែន ចាន់មេត្តា រដ្ឋ​លេខាធិការ​ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ កាល​ពី​ម្សិល​មិញ​បាន​ស្វាគមន៍​ភាព​ជា​ដៃគូ​នេះ និង​បាន​អំពាវនាវ​ឲ្យ​ក្រុម​ហ៊ុន EMAXX និង​ក្រុម​ហ៊ុន Huawei ត្រូវ​ជួយ​គាំទ្រ​ដល់​គោល​នយោបាយ​ព្រាង​ស្តីពី​រលក​អាកាស​របស់​រដ្ឋាភិបាល​ដែល​កំពុង​ត្រូវ​បាន​បង្កើត​ឡើង។
ទន្ទឹម​នឹង​នេះ លោក ចាន់មេត្តា បាន​ថ្លែង​ថា ក្រសួង និង​វិស័យ​ឯកជន​កំពុង​បន្ត​ការ​ចរចា​អំពី​ច្បាប់​ទូរគមនាគមន៍​ដ៏​ចម្រូង​ចម្រាស់។ លោក​បន្ថែម​ថា៖ «យើង​បាន​ពិភាក្សា​ផ្ទៃ​ក្នុង​អំពី​មតិ​យោបល់​របស់​វិស័យ​ឯកជន​ទាក់ទង​នឹង​ច្បាប់​នេះ កាល​ពី​ម្សិល​មិញ (ថ្ងៃ​អង្គារ) ដូច្នេះ​នៅ​ពេល​នេះ យើង​កំពុង​ពិនិត្យ​មើល​មតិ​យោបល់​ទាំង​នោះ។ យើង​បាន​ប្ដេជា្ញ​ចិត្ត​ជាមួយ​រដ្ឋាភិបាល​ថា យើង​នឹង​បញ្ចប់​នីតិវិធី​នេះ​ឲ្យ​បាន​ឆាប់​តាម​ដែល​អាច​ធ្វើ​ទៅ​បាន»។
លោក​បញ្ជក់​ថា៖ «យើង​ចង់​ការពារ​វិនិយោគិន ហើយ​យើង​ចង់​ជំរុញ​ឲ្យ​ពួក​គេ​បង់​ពន្ធ​កាន់​តែ​ច្រើន។ នោះ​គឺជា​គោល​បំណង​នៃ​ការ​តាក់​តែង​ច្បាប់​ទូរគមនាគមន៍​នេះ​ឡើង»៕

No comments:

Post a Comment