Monday, December 18, 2017

រដ្ឋាភិបាល​វៀតណាម​ដាក់​ចេញ​ច្បាប់​ចុះ​បញ្ជី​ភាគ​ហ៊ុន

ក្រុង​ហាណូយៈ ប្រទេស​វៀតណាម បាន​ដាក់​ចេញ​ច្បាប់​មួយ​ដែល​តម្រូវ​ឲ្យ​ក្រុមហ៊ុន​របស់​រដ្ឋ ចុះ​បញ្ជី​ភាគ​ហ៊ុន​ឲ្យ​បាន​កាន់​តែ​ឆាប់​រហ័ស បន្ទាប់​ពី​ការ​បោះផ្សាយ​លក់​ភាគ​ហ៊ុន​ជា​សាធារណៈ​លើក​ដំបូង ក្នុង​គោល​បំណង​បង្កើន​ល្បឿន​កម្មវិធី​ឯកជន​នីយកម្ម​ដែល​មាន​ភាព​យឺត​យ៉ាវ​ជាង​ការ​គ្រោង​ទុក។
ចាប់​ពី​ថ្ងៃ ទី១ ខែ​វិច្ឆិកា ខាង​មុខ​នេះ​ទៅ ក្រុម​ហ៊ុន​ដែល​បាន​បោះ​ផ្សាយ​លក់​មូលបត្រ​ជា​សាធារណៈ​លើក​ដំបូង​រួច​ហើយ ត្រូវ​ចុះ​បញ្ជី​ភាគ​ហ៊ុន​នៅ​ទីផ្សារ​រំលង​បញ្ជរ UpCom ផ្លូវ​ការ​ក្នុង​រយៈ​ពេល ៩០ ថ្ងៃ​នៃ​ការ​ទទួល​បាន​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ពាណិជ្ជកម្ម។ នេះ​បើ​យោង​តាម​សេចក្តី​សម្រេច​មួយ​ដែល​ចេញ​ដោយ​លោក​នាយក​រដ្ឋ​មន្ត្រី​វៀតណាម Nguyen Tan Dung ដែល​បាន​ចេញ​ផ្សាយ​នៅ​លើ​គេហទំព័រ​របស់​រដ្ឋាភិបាល​វៀតណាម។
បន្ទាប់​មក​ភាគ​ហ៊ុន​ទាំង​នោះ​ត្រូវ​ចាប់​ផ្តើម​ជួញ​ដូរ​នៅ​លើ​ផ្សារ​ហ៊ុន​មួយ​ក្នុង​ចំណោម​ផ្សារ​ហ៊ុន​ធំ​ទាំង​ពីរ​របស់​វៀតណាម​នៅ ទីក្រុង​ហាណូយ ឬ​ទីក្រុង​ហូជីមិញ ក្នុង​អំឡុង​ពេល​មួយ​ឆ្នាំ​នៃ​វិញ្ញាបនបត្រ។
គិត​ចាប់​តាំង​ពី​ការ​ប្រកាស​ផែនការ​មួយ​កាល​ពី ខែ​កុម្ភៈ ដើម្បី​លក់​ភាគ​ហ៊ុន​នៅ​ក្នុង​សហគ្រាស​ចំនួន ៤៣២ នៅ​ត្រឹម​ចុង ឆ្នាំ​២០១៥ មក​មាន​តែ​សហគ្រាស​ចំនួន ៣៥ ប៉ុណ្ណោះ​ដែល​បាន​បោះ​ផ្សាយ IPO ហើយ​ពុំ​មាន​ភាគ​ហ៊ុន​ណា​មួយ​ក្នុង​ចំណោម​ភាគ​ហ៊ុន​ទាំង​នោះ​ត្រូវ​បាន​ជួញ​ដូរ​នៅ​ឡើយ​ទេ។ ប្រទេស​វៀតណាម បាន​ប្រមូល​ថវិកា​ចំនួន ២,៥៤ ពាន់​ពាន់​លាន​ដុង (១១៩,៨ លាន​ដុល្លារ) នៅ​ឆ្នាំ​នេះ ពោល​គឺ​មាន​ចំនួន​ប្រមាណ​ពាក់​កណ្តាល​នៃ​ទិស​ដៅ​ប្រមូល​ថវិកា ៤,៧៤ ពាន់​ពាន់​លាន​ដុង​ខណៈ​ក្រុម​ហ៊ុន​នានា​បាន​ប្រញាប់​បោះ​ផ្សាយ​លក់​មូលបត្រ​ដោយ​គ្មាន​ការ​ធ្វើ​ទីផ្សារ​ជា​មុន​ជាមួយ​ក្រុម​វិនិយោគិន។
លោក Pham Luu Hung អនុ​ប្រធាន​ផ្នែក​ប្រឹក្សា​យោបល់​ស្រាវ​ជ្រាវ​វិទ្យាស្ថាន និង​វិនិយោគ​នៅ​ក្រុម​ហ៊ុន Saigon Securities Inc ដែល​ជា​ក្រុម​ហ៊ុន​ជើង​សា​ធំ​ជាង​គេ​នៅ ប្រទេស​វៀតណាម មាន​មូលដ្ឋាន​នៅ ទីក្រុង​ហាណូយ បាន​ថ្លែង​ថា៖ «នេះ​គឺជា​ជំហាន​សំខាន់​មួយ​ដើម្បី​ជួយ​កាត់​បន្ថយ​ពេល​វេលា​រាប់​ចាប់​តាំង​ពី​ការ​បោះ​ផ្សាយ IPO រហូត​ដល់​ការ​ចុះ​បញ្ជី​ក្នុង​ផ្សារ​ហ៊ុន ដែល​បង្កើត​សាច់​ប្រាក់​ងាយ​ស្រួល​សម្រាប់​ភាគ​ហ៊ុន»។
ច្បាប់​នេះ​ក៏​អនុវត្ត​ផង​ដែរ​ចំពោះ​សហគ្រាស​រដ្ឋ ដែល​បាន​លក់​ភាគ​ហ៊ុន​រួច​ហើយ​ទៅ​ឲ្យ​សាធារណជន៕

No comments:

Post a Comment