ក្រុងវ៉ាស៊ីនតោនៈ កាលពីថ្ងៃពុធមូលនិធិរូបិយវត្ថុអន្តរជាតិ បានអំពាវនាវឲ្យក្រុមប្រទេស 20 ចាត់វិធានការច្បាស់លាស់ដើម្បីជំរុញកំណើនសេដ្ឋកិច្ចក្នុងកិច្ចប្រជុំក្រុមរដ្ឋមន្ត្រីហិរញ្ញវត្ថុក្នុងសប្តាហ៍នេះនៅអូស្រ្តាលី។
IMF បានឲ្យដឹងក្នុងរបាយការណ៍មួយផ្ញើទៅកាន់ក្រុមប្រទេស G20 មុនកិច្ចប្រជុំកាលពីថ្ងៃសៅរ៍ និងថ្ងៃអាទិត្យនៅទីក្រុង Cairns ថា៖ «សកម្មភាពប្រកបដោយការសម្រេចចិត្តគឺជាតម្រូវការរបស់សមាជិកទាំងអស់ដើម្បីសម្រេចបានកំណើនសេដ្ឋកិច្ចកាន់តែខ្ពស់ និងមានតុល្យភាពថែមទៀត»។
កាលពី ខែកុម្ភៈ នៅ ទីក្រុងស៊ីដនី រដ្ឋមន្ត្រីហិរញ្ញវត្ថុរបស់ក្រុមប្រទេស G20 បានកំណត់គោលដៅបង្កើនកំណើនសេដ្ឋកិច្ចសកលចំនួន ២ ភាគរយក្នុងរយៈពេល ៥ឆ្នាំ តែមិនបានបង្ហាញសកម្មភាពណាមួយដែលអាចនឹងជំរុញឲ្យសម្រេចបានគោលដៅនេះទេ។
ដោយជំរុញឲ្យក្រុមប្រទេស G20 សហការគ្នាបង្កើតឥទ្ធិពលមានប្រយោជន៍ ដែលនឹងជួយដល់ប្រទេសទាំងនោះ ក៏ដូចជាសេដ្ឋកិច្ចសកលផងដែរនោះ មូលនិធិ IMF បន្តថា៖ «ការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចសកល គួរតែមានសន្ទុះឡើងវិញ តែហានិភ័យនៃការធ្លាក់ចុះសេដ្ឋកិច្ចបានកើនឡើង»។
យោងតាមមូលនិធិ IMF ក្រុមប្រទេសអភិវឌ្ឍន៍ដែលមានមធ្យោបាយច្រើន ជាពិសេស អាមេរិក និងអាល្លឺម៉ង់ ព្រមទាំងប្រទេសកំពុងអភិវឌ្ឍន៍ខ្លាំង ដូចជាប្រទេសប្រេស៊ីល និងឥណ្ឌា គប្បីបង្កើនចំណាយសាធារណៈលើវិស័យហេដ្ឋារចនាសម្ព័ន្ធឲ្យបានច្រើនផងដែរ៕
No comments:
Post a Comment