ភ្នំពេញៈ ក្រុមហ៊ុន CP Cambodia ដែលជាបុត្រសម្ព័ន្ធក្រុមហ៊ុន CP Global ដ៏ធំរបស់ថៃ នឹងបើកដំណើរការរោងចក្រផលិតចំណីសត្វមួយទៀតក្នុង ខេត្តប៉ៃលិន នៅពាក់កណ្តាល ឆ្នាំ២០១៥។ នេះបើតាមការឲ្យដឹងពីបុគ្គលិកជាន់ខ្ពស់នៃក្រុមហ៊ុននេះ។
លោក Uthai Tantipimolphan ក្រុមប្រឹក្សាភិបាលក្រុមហ៊ុន CP Cambodia និង CP នៅ ប្រទេសឡាវ បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ថា ក្រុមហ៊ុន CP Cambodia នឹងដំណើរការរោងចក្រផលិតចំណីសត្វមួយទៀតនៅ ខេត្តប៉ៃលិន ដើម្បីផ្គត់ផ្គង់បន្ថែមទៅដល់កសិដ្ឋានចិញ្ចឹមជ្រូករបស់ក្រុមហ៊ុនដែលក៏កំពុងមានផែនការពង្រីក និងដើម្បីផ្គត់ផ្គង់តម្រូវការចំណីសត្វកាន់តែច្រើននៅទីផ្សារក្នុងស្រុក។
លោកបានឲ្យដឹងតាមរយៈអ្នកបកប្រែភាសាដូច្នេះថា៖ «ការសាងសង់បានចាប់ផ្ដើមដំណើរការរួចហើយ។ វានឹងត្រូវការរយៈពេល ៨ ខែដើម្បីបញ្ចប់ ហើយយើងរំពឹងថា នឹងអាចចាប់ផ្ដើមដំណើរការរោងចក្រនេះប្រហែលពាក់កណ្ដាល ឆ្នាំ២០១៥»។
លោកបន្តថា៖ «រោងចក្រផលិតចំណីសត្វដែលមានតម្លៃ ៨ លាននេះ នឹងត្រូវបានបំពាក់ដោយម៉ាស៊ីន និងបច្ចេកវិទ្យាទំនើបដែលនឹងមានសមត្ថភាពផលិតចំណីសត្វបានប្រហែល ១៨០ ០០០ តោនក្នុងមួយឆ្នាំ ឬប្រហែល ១៥ ០០០ តោនក្នុងមួយខែ»។
លោក ឆិល ឆេន អនុប្រធានមន្ទីរកសិកម្ម ខេត្តប៉ៃលិន បានថ្លែងថា ប៉ៃលិនគឺជាខេត្តមួយក្នុងចំណោមខេត្តដែលកសិករដាំដុះដំឡូង និងពោតក្រហមធំជាងគេនៅកម្ពុជា។
ក្រុមហ៊ុន CP Cambodia អាច មើលឃើញពីសក្ដានុពលក្នុងការផលិតដំឡូង និងពោតក្រហមរបស់ខេត្តនេះដែលអាចធ្វើជាវត្ថុធាតុដើមក្នុងការផលិតចំណីសត្វ ទើបសម្រេចសាងសង់រោងចក្រនៅក្នុងខេត្តនេះ។
លោកលើកឡើងថា៖ «ប្រសិនបើ ខេត្តប៉ៃលិន មិនអាចផ្គត់ផ្គង់វត្ថុធាតុដើមបានគ្រប់គ្រាន់ដល់រោងចក្រផលិតចំណីសត្វនេះទេ ក្រុមហ៊ុន CP Cambodia អាចទិញដំឡូងនិងពោតក្រហមពីកសិករនៅក្នុងខេត្តជិតខាងដូចជា ខេត្តបាត់ដំបង និង ខេត្តបន្ទាយមានជ័យ ដែលជាខេត្តបង្កបង្កើនផលដំឡូង និងពោតក្រហមដែរនោះ»។
លោកបន្តថា ការបង្កើតរោងចក្រផលិតចំណីសត្វនៅក្នុងខេត្តនេះគឺជាដំណោះស្រាយឈ្នះៗសម្រាប់កសិករ និងក្រុមហ៊ុន។
តួលេខពីមន្ទីរកសិកម្ម ខេត្តប៉ៃលិន បង្ហាញថា ផ្ទៃដីដាំដុះដំឡូងសរុបមានជាង ២៣ ០០០ ហិកតា ខណៈដែលផ្ទៃដីដាំដុះពោតក្រហមសរុបមានជាង ៤ ៤០០ ហិកតា។ ទិន្នផលដំឡូងមីជាមធ្យមមាន ២៥ តោនក្នុងមួយហិកតា ខណៈពោតក្រហមផ្តល់ផលជាមធ្យម ៣,៥ តោនក្នុងមួយហិកតា។
លោក សុង សារុំ ឈ្នួញពោតក្រហមនៅក្នុង ខេត្តប៉ៃលិន ដែលជាអ្នកផ្ដត់ផ្គង់មួយទៅឲ្យរោងចក្រផលិតចំណីសត្វរបស់ក្រុមហ៊ុន CP Cambodia នៅ ភ្នំពេញ បានថ្លែងថា កសិករដាំពោតក្រហមនៅក្នុងខេត្តនេះបានផា្លស់ប្តូរទៅដាំដំឡូង ដោយសារតែតម្លៃពោតក្រហមបានធ្លាក់ចុះកាលពីឆ្នាំមុន។
លោកបន្តថា៖ «នេះគឺជាដំណឹងល្អសម្រាប់ទាំងកសិករ និងឈ្នួញ។ នេះគឺទីផ្សារបន្ថែមទៀតសម្រាប់ផលិតផលរបស់យើង ប៉ុន្តែ ខ្ញុំសង្ឃឹមថា ក្រុមហ៊ុននឹងផ្ដល់តម្លៃទីផ្សារឲ្យកសិករ និងមិនបន្ទាបតម្លៃនៅពេលប្រមូលផលនោះទេ»។
តាមការឲ្យដឹងពីលោក សារុំ សមត្ថភាពក្នុងការផលិតប្រចាំឆ្នាំក្រុមហ៊ុន CP Cambodia យ៉ាងហោចណាស់អាចស្រូបយកប្រហែល ៣០ ភាគរយនៃចំនួនដំឡូងនិងពោតក្រហមសរុបរបស់ខេត្តនេះ។
លោក មាស លឿន ជាកសិករដាំពោត និងដំឡូងនៅក្នុង ខេត្តប៉ៃលិន បានឲ្យដឹងថា លោកមានសង្ឃឹមចំពោះទីផ្សារសម្រាប់កសិផលរបស់លោក បើរោងចក្រផលិតចំណីសត្វមួយនេះត្រូវបានបង្កើតឡើង។
របាយការណ៍ប្រចាំឆ្នាំពីក្រសួងកសិកម្ម បង្ហាញថា រហូតដល់ ឆ្នាំ២០១៣ មានរោងចក្រផលិតចំណីសត្វចំនួន ៧ កំពុងប្រតិបត្តិការនៅកម្ពុជា ដោយអាចផលិតចំណីសត្វបានប្រហែល ១ លានតោនក្នុងមួយឆ្នាំ ហើយបរិមាណនេះមិនទាន់ឆ្លើយតបបានតាមតម្រូវការទីផ្សារនេះទេ ជាពិសេសចំណីសម្រាប់សត្វជ្រូក ដែលទាមទារឲ្យមានការវិនិយោគបន្ថែមទៀតលើផ្នែកផលិត៕